ហេតុអ្វីបានជាពេលមនុស្សស្លាប់ តែងតែមានលោកតាអាចារ្យ ឬចាស់ៗ នាំគ្នាទៅសម្រាន្តកំដរសព នៅពេលយប់

ហេតុអ្វីបានជាពេលមនុស្សស្លាប់ តែងតែមានលោកតាអាចារ្យ ឬចាស់ៗ នាំគ្នាទៅសម្រាន្តកំដរសព នៅពេលយប់

រឿងអាយុសង្ខារគ្មាននរណាម្នាក់អាចដឹងបានទុកជាមុននោះទេ។ ជាទូទៅនៅពេលមានមនុស្សស្លាប់ ខ្មែរយើងតែងតែយកទៅធ្វើបុណ្យតាមប្រពៃណី មិនដែលអាក់ខានឡើយ ជួនកាលធ្វើនៅផ្ទះ។  ជួនកាលទៀតធ្វើនៅក្នុងវត្ត ដោយយោងទៅតាមជំនឿដែលគេបានជឿតៗគ្នាថា កាលណាអ្នកស្លាប់នោះ បានស្លាប់ដោយឧបហេតុនានា ដែលមិនមែនជាការស្លាប់ដោយធម្មជាតិ «កើត ចាស់ ឈឺ ស្លាប់»។


ពិតណាស់អ្នកតែងតែធ្លាប់បានដឹងហើយមែនទេថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបុរាណឱ្យតែមានមនុស្សស្លាប់ យើងមានទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្ត។ ក្នុងនោះរឿងអបិយជំនឿ រមែងភ្ជាប់គ្នាមកជាមួយគ្នាជានិច្ច។


ប្រិយមិត្តធ្លាប់ដែលសង្កេតទេថា ធម្មតាឱ្យតែផ្ទះណាមានមនុស្សស្លាប់ គឺនៅយប់ថ្ងៃដែលមានប្រារព្ធពិធីបុណ្យសពនោះ យើងតែងតែឃើញមានលោកតាអាចារ្យ ឬចាស់ៗមួយចំនួនដែលជាអ្នកជិតខាង ឬអ្នកស្គាល់គ្នា ឬសាច់ញាតិបងប្អូនបុគ្គលដែលបានស្លាប់ទៅ ពួកគាត់បានបបួលគ្នាទៅសម្រាន្តកំដរសពជានិច្ច។


ហើយយើងក៏កម្រឃើញបុណ្យសពណា ដែលគ្មានមនុស្សនៅចាំដេកយាមកំដរសពនៅពេលយប់ដែរ មិនថាមានមនុស្សតិច ឬក៏ច្រើនទៅតាមនោះ។ យ៉ាងហោចណាស់ បើសពនោះមិនសូវសម្បូរសាច់ញាតិច្រើន ក៏គេជួលតាអាចារ្យ ២ ឬ៣នាក់ ឱ្យមកសម្រាន្តកំដរនាពេលយប់ដែរ។ តើអ្នកធ្លាប់បានចាប់អារម្មណ៍ទេថា ហេតុអ្វីបានពួកគាត់ទៅនៅកំដរសពនៅពេលយប់ដូច្នេះ?

ជាក់ស្តែងតាមការដឹងឮកន្លងមក ហេតុដែលមានលោកតាអាចារ្យ ឬចាស់ៗនៅកំដរសពព្រោះដើម្បីបានជាគ្នាច្រើនជាមួយម្ចាស់ផ្ទះ កុំឱ្យមានការភ័យខ្លាចព្រលឹងអ្នកដែលបានស្លាប់ទៅនោះ។


សាច់ញាតិ ឬបងប្អូនដែលជាប់សែស្រឡាយ តែងមកជួបជុំគ្នានៅផ្ទះសព  ទើបគេគិតថា ពេលមានមនុស្សស្លាប់ គេមកជួយគ្នាដូច្នេះឯងគ្មានអ្វីប្លែកទេ។ ប៉ុន្តែក៏នៅមានហេតុផលមួយចំនួនទៀត ដែលភាគច្រើនមិនសូវមានអ្នកដឹង  ឬមិនសូវបានចាប់អារម្មណ៍ផងដែរ។


តាមការសាកសួរអ៊ំប្រុស អេង ដែលជាអាចារ្យវត្ត និងជាអ្នកកាន់ធម៌អារ្យមួយរូប គាត់បានប្រាប់ខ្មែរឡូតឱ្យបានដឹងដូច្នេះថា៖


«ការទៅកំដរសពអ្នកស្លាប់ គឺមានហេតុផល និងមានគោលបំណងច្បាស់លាស់ គឺមិនមែនចេះតែទៅនៅកំដរៗ តាមការនឹកឃើញនោះទេ ហើយមូលហេតុសំខាន់ៗដែលត្រូវធ្វើដូច្នេះ គឺដោយសារតែមានប្រការមួយចំនួនដូចជា៖


ទី១៖ កាលណាមានមនុស្សនៅជិតសព គឺងាយស្រួលការពារសព ដើម្បីកុំឱ្យមានសត្វផ្សេងៗមកយាយីបាន ជាពិសេសគឺសត្វឆ្មា។ ជនជាតិខ្មែរយើងមានជំនឿតាំងពីដើមមកថា បើកាលណាមានសត្វឆ្មាសម្បុរខ្មៅមករញ៉េរញ៉ៃនៅជិតសព ឬចៃដន្យវាបានលោតផ្លោះរំលងពីលើសាកសពដោយប្រការណាមួយនោះ នឹងនាំឱ្យក្លាយទៅជារឿងអម្ពមង្គល ឬគេមានជំនឿថា សពអ្នកស្លាប់អាចក្លាយទៅជាខ្មោចតៃហោង ខ្មោចកាចសាហាវ ដើរលងបន្លាចគេឯងមិនឱ្យនៅបានសុខជាដើម។


ទី២៖ ការពារកុំឱ្យមានមនុស្សគិតមិនល្អចំពោះសពអ្នកដែលស្លាប់ទៅហើយ មកធ្វើរឿងមិនគប្បី  ឬបង្កជាផលអាក្រក់ណាមួយដែលនឹកស្មានមិនដល់។


ទី៣៖ ចំពោះអ្នកដែលមានជំនឿទៅលើរឿង «ព្រលឹង» ជួនកាលនៅក្នុងករណីខ្លះ គេជឿថាគ្រាន់តែព្រលឹងចេញពីខ្លួនបណ្តោះអាសន្នប៉ុណ្នោះ ប៉ុន្តែនៅមិនទាន់ស្លាប់នៅឡើយទេ។ ដូច្នេះគេក៏នៅការពារក្រែងលោអ្នកនោះអាចនឹងរស់ឡើងវិញ ដោយសារព្រលឹងត្រឡប់ចូលមកក្នុងរាងកាយដូចដើម។  ហើយបើមានរឿងបែបនេះមែន គេនឹងបានជួយសង្រ្គោះឱ្យបានទាន់វេលាតែម្តង  ព្រោះចាស់ៗមានដំណេកមិនដូចជាក្មេងៗទេ គាត់ឆាប់ដឹងខ្លួនពេលមានរឿងអ្វីមួយកើតឡើង  ងាយស្រួលផ្តល់ដំណឹងទៅដល់គ្នីគ្នាជាបន្តបន្ទាប់ ឱ្យបានដឹងបានឆាប់រហ័ស។


ទី៤៖ ជាប្រការសំខាន់គឺនៅកំដរជាមួយសាច់ញាតិសព កុំឱ្យមានភាពភ័យខ្លាច គឺនៅឱ្យបានជាគ្នាច្រើន កុំឱ្យខ្លាច។»


ទាំងនេះសុទ្ធតែជាហេតុផលសំខាន់ ដែលលោកអ៊ំបានប្រាប់ តាមបទពិសោធន៍ដែលគាត់ធ្លាប់បានឆ្លងកាត់កន្លងមក។

ក្រៅពីនេះ លោកអ៊ំ អេង ក៏បានប្រាប់ទៀតថា ទាក់ទងនឹងចំណុចទី៤ខាងលើ ក៏មានការបិទកញ្ចក់ទាំងអស់ផងដែរ នៅពេលមានមនុស្សស្លាប់ ព្រោះកាលណាមានកញ្ចក់អាចធ្វើឱ្យយើងចេះតែគិតស្រមៃ នៅពេលឆ្លុះខ្លួនឯងថាអាចមើលឃើញខ្មោចដែលបានស្លាប់ទៅជាដើម។  ឯអ្នកខ្លះទៀត ពេលថតរូបក៏គេមិនឱ្យថតនៅជាប់កញ្ចក់ដែរ ព្រោះខ្លាចជាប់ព្រលឹងខ្មោចទៀតផង។  វាអាចជារឿងមួយដែលមិនសូវមានអ្នកណាដឹង  ឬមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេនាសម័យបច្ចុប្បន្ននេះ។


តើអ្នកធ្លាប់បានឮគេនិយាយ  ឬដឹងទេថា នៅពេលក្នុងផ្ទះណាមួយ បើពេលមានមនុស្សស្លាប់គេតែងនាំគ្នាបិទកញ្ចក់ទាំងអស់នៅក្នុងផ្ទះ?  មិនថាកញ្ចក់តូច ឬកញ្ចក់ធំនោះទេ និយាយទៅឱ្យតែមាន  គឺគេបិទចោលទាំងអស់តែម្តង  គ្មានទុកឱ្យសល់មួយទេ។ ទោះបីជាយ៉ាងនេះក្តី យើងសង្កេតឃើញថា បច្ចុប្បន្នគេមិនដែលឃើញមានការបិទកញ្ចក់អ្វីឡើយ នៅពេលមានមនុស្សស្លាប់។ ហើយគេតែងចាត់ទុកថាវាគឺជារឿងទូទៅសាមញ្ញៗធម្មតាទៅហើយ៕


ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

ប្រភព៖ khmerload

មតិយោបល់