ទារកអណ្តាតធំ យំព្រោះគ្មានសង្ឃឹ​មរស់ ប៉ុន្តែមានរឿងអស្ចារ្យមួយ បានកើតឡើង

ឥណ្ឌា៖ ទារកដ៏គួរឲ្យអាណិតមួយរូប បានចាប់កំណើតមកដោយមានអណ្តាតធំខុសពីមនុស្សធម្មតា ប្រឈមនឹងការស្លាប់បាន  ដោយសារតែអណ្តាតធំពេក អាចធ្វើឲ្យឈ្លក់។

ប៉ុន្តែភាពរីករាយបានកើតមានឡើងវិញ នៅពេលដែលគេទទួលបានការវះកាត់ពីសំណាក់គ្រូពេទ្យជំនាញ។ ទារិកា Aparajit Lodhi ដែលបានចាប់កំណើតនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើតមកជាមួយនឹងអណ្តាតធំខុសធម្មតា ដែលពាក្យបច្ចេកទេសគេហៅថា Macroglossia ។


ក្រុមគ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់ Aparajit ថា កូនរបស់ពួកគេប្រហែលជាមិនអាចមានជីវិតរស់បានយូរទេ ដោយសារតែអណ្តាតរបស់គេធំពេកដល់ថ្នាក់អាចធ្វើឲ្យគេឈ្លក់បាន។

ចំនែកឯម្តាយរបស់ទារកនោះ ដែលមានឈ្មោះថា Mini Lodhi អាយុ ២៨ឆ្នាំ បាននិយាយដោយកំសត់ថា “ខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតណាស់នៅពេលដែលឃើញកូនរបស់ខ្ញុំកើតមកមានអណ្តាតធំបែបនេះ។ គេតែងតែយំជាប់រហូត មិនព្រមឈប់សោះ។ ខ្ញុំដឹងថាគេប្រាកដជាឈឺ និងឃ្លានណាស់ហើយ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីគេបានទេ។ ខ្ញុំមិនអាចសូម្បីតែបំបៅគេ ប៉ុន្តែខ្ញុំនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីជួយកូនរបស់ខ្ញុំឲ្យមានជីវិតរស់” ។ 

គួរឲ្យដឹងដែរថា នេះជារឿងដ៏កម្រនឹងកើតឡើងបំផុត ព្រោះ នៅក្នុងចំណោមទារក ៥០០ ០០០នាក់ មានតែម្នាក់ប៉ុណ្ណោះដែលកើតមានអាការៈ Macroglossia នេះ។


ចំពោះ ទារិកា Apatajit វិញ គេអាចមានជីវិតរស់បានដោយសារតែគេមានបំពាក់ឧបករណ៍អុកស៉ីហ្សែនតែប៉ុណ្ណោះ ប៉ុន្តែក្រោយចាប់កំណើតរយៈពេល ៤ថ្ងៃ ទារករូបនោះក៏បានទទួលការវះកាត់យកដុំសាច់ ដែលមាននៅក្នុងអណ្តាតនោះចេញ។


តាមរយៈលោកវេជ្ជបណ្ឌិត Agarwal នាយកគ្រប់គ្រងផ្នែកកុមារ និងការវះកាត់នៅឯមន្ទីរពេទ្យ Jabalpur បានឲ្យដឹងថា “នៅថ្ងៃដែលទារកទទួលការវះកាត់នោះ គឺគេមានអាយុទើបតែ៤ថ្ងៃប៉ុណ្ណោះ។ គេមិនអាចសូម្បីតែលេបទឹកម៉ាត់ ព្រោះតែអណ្តាតរបស់គេធំពេក” ។


គាត់បានបន្ថែមថា “គេមិនមែនមិនអាចលេបទឹកម៉ាត់បានតែពេលបន្ទាប់ពីចាប់កំណើតមកនោះទេ សូម្បីតែនៅក្នុងកំឡុងពេលដែលគេរស់នៅក្នុងស្បូនក៏អ៉ីចឹងដែរ មានន័យថា មានតែពេលដែលគេត្រូវបានវះកាត់រួចប៉ុណ្ណោះ ដែលគេអាចលេបទឹកបាន” ។


ក្រៅពីនេះ គាត់ក៏បានឲ្យដឹងទៀតដែរ​ថា “ពួកយើងត្រូវតែយកដុំសាច់នោះចេញឲ្យអស់ និងមិនត្រូវមានបន្សល់ទុកកាកសំណល់អ្វីបន្តិចឡើយ។ ប៉ុន្តែពួកយើងក៏បានព្យាយាមថែរក្សាមុខងាររបស់អណ្តាតគេមិនឲ្យបាត់បង់ដែរ” ។


“វាមានដុំសាច់ដ៏ធំមួយនៅក្នុងអណ្តាតរបស់គេ ដូច្នេះ ក្រុមគ្រូពេទ្យត្រូវចំណាយពេលដល់ទៅ២ម៉ោងឯណោះ ដើម្បីធ្វើការវះកាត់” ។ 

បន្ទាប់ពីបានធ្វើការវះកាត់រួចមក អាហារដែលទារកនោះទទួលបានមុនគេនោះគឺទឹកស្ករ និងទឹកដោះដែលបានបំបៅដោយម្តាយផ្ទាល់។


ជាចុងក្រោយ អ្នកម្តាយ Mini បាននិយាយថា “ឥឡូវនេះខ្ញុំអាចបំបៅកូនរបស់ខ្ញុំបានហើយ។ វាជាលើកដំបូងបំផុតដែលខ្ញុំបានយល់ពីអារម្មណ៍ជាម្តាយ។ ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញមុខកូនដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ ពួកយើងពិតជាមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់នៅពេលនេះ” ៕ 

មតិយោបល់